នៅក្នុងសៀវភៅដែលមានចំណងជើងថា Colors of Love (១៩៧៣) J. A. Lee. បានកំណត់នូវទំនាក់ទំនងចំនួន ៦ ប្រភេទដែលអាចត្រូវបានកំណត់ថាជាស្នេហា

1. Eros (The Romantic Love)

សំដៅទៅលើស្នេហារ៉ូមែនទិចដែលមានចំណង់ចំណូលចិត្តយ៉ាងខ្លាំងដោយចង់បានរាងកាយ និង ភាពស្និទ្ធស្នាល ជាស្នេហាដែលឃើញភ្លាមស្រឡាញ់ភ្លេត គ្មានការប្តេជ្ញាចិត្តយូរអង្វែង បន្ទាប់ពីមួយរយៈការទាក់ទាញអាចចាប់ផ្តើមរសាត់ទៅឆ្ងាយ ។ ទោះយ៉ាងណាក្តីស្រលាញ់នេះប្រែទៅជាមានអត្ថន័យនៅពេលដែលពេលវេលាកន្លងផុតទៅ ។

ឧទាហរណ៍៖ Jack and Rose from Titanic និង Romeo and Juliet

2. Ludus (The Playful Love)

ជាស្នេហាបែបលេងសើច ឬ មិនមានការប្តេជ្ញាចិត្ត ការនិយាយកុហកគឺជាផ្នែកមួយនៃស្នេហានេះ ហើយមានភាពស្និទ្ធស្នាលតិចតួច ។ នេះគឺជាប្រភេទនៃសេចក្តីស្រឡាញ់ដែលអ្វីៗគ្រប់យ៉ាងគឺជាល្បែងមួយហើយជាកន្លែងដែលមនុស្សមានដៃគូច្រើនគ្មានការប្តេជ្ញាចិត្ត និង ទំនាក់ទំនងបើកចំហ ។ ពួកគេបន្តពីទំនាក់ទំនងមួយទៅទំនាក់ទំនងមួយផ្សេងទៀតយ៉ាងឆាប់រហ័ស ។

ឧទាហរណ៍៖ Joey from Friends និង Jamie from Friends with Benefits

3. Storge (The Friendship Love) 

ជាស្នេហាដែលមានការវិវត្តន៍យឺត មានភាពជាដៃគូរឹងមាំ មនុស្សដែលមានស្នេហាប្រភេទនេះចូលចិត្តចូលរួមសកម្មភាពជាមួយគ្នា ។ មានទំនាក់ទំនងយូរអង្វែង ប៉ុន្តែភាពស្និទ្ធស្នាលខាងរាងកាយតិចតួច ។ វាចាប់ផ្តើមជាមិត្តភាពបន្ទាប់ពីនោះចំណងកាន់តែស៊ីជម្រៅហើយប្រែក្លាយជាស្នេហា ។ មានការយកចិត្តទុកដាក់ក្នុងទំនាក់ទំនងនេះ ចំណាយពេលយូរជាមួយគ្នាមុនពេលផ្លាស់ប្តូរមិត្តភាពរបស់ពួកគេទៅជាស្នេហារ៉ូមែនទិក ក្នុងប្រភេទនៃក្តីស្រឡាញ់នេះពួកគេក៏ចង់អោយដៃគូរបស់ពួកគេក្លាយជាមិត្តល្អបំផុតរបស់ពួកគេដែរ ទោះបីជាទំនាក់ទំនងស្នេហាបញ្ចប់ក៏ដោយក៏ អាចត្រលប់ទៅជាមិត្តភក្តិវិញ ។

ឧទាហរណ៍៖ Hermione and Ron from the Harry Potter series

4. Pragma (The Practical Love)

ជាស្នេហាដែលមានភាពស៊ីសង្វាក់គ្នាច្រើនតែមានគំនិតច្បាស់លាស់អំពីប្រភេទមនុស្សដែលពួកគេចង់បានជាដៃគូ ដែលពួកគេរកដៃគូដែលតាមលក្ខណៈដែលគេចង់បាន ។ ពួកគេសង្ឃឹមពីសេចក្តីស្រឡាញ់របស់ពួកគេទៅលើអ្វីដែលពួកគេចង់បានចេញពីទំនាក់ទំនងនោះ ។ ពួកគេមានបញ្ជីផ្ទៀងផ្ទាត់ដើម្បីរកមនុស្សម្នាក់ដែលអាចបំពេញតាមតម្រូវការរបស់ពួកគេហើយទំនាក់ទំនងនេះត្រូវបានគេមើលឃើញជាទូទៅនៅក្នុងអាពាហ៍ពិពាហ៍ដែលបានរៀបចំ ។ ទំនាក់ទំនងប្រភេទនេះអាចចាប់ផ្តើមពីចំណង់ចំណូលចិត្ត ឬ ភាពស្និទ្ធស្នាលខាងអារម្មណ៍តិចតួចប៉ុន្តែវាអាចផ្លាស់ប្តូរ និង វិវឌ្ឍទៅតាមពេលវេលានៅពេលចំណងកាន់តែស៊ីជម្រៅ ។

ឧទាហរណ៍៖  The Proposal

5. Mania (Obsessive Love)

ជាស្នេហាមានការប្រចណ្ឌ និង ហួងហែង អ្នកដែលមាននៅការស្រលាញ់បែបនេះទំនងជាធ្វើអ្វីដែលឆ្កួត ឬ ភ្លីភ្លើដូចកូនក្មេង ដូចជាការតាមដានសកម្មភាពដៃគូ ។ 

ឧទាហរណ៍៖ Fatal Attraction និង The Boy Next Door

6. Agape (Altruistic Love)

ជាសេចក្តីស្រឡាញ់ខ្ពស់បំផុត ដែលមិនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ។ ស្នេហានេះគឺមិនគិតពីខ្លួនឯង និង គ្មានលក្ខខណ្ឌ ។ ជាស្នេហាដែលមិនទាមទារអ្វីមកវិញហើយពោរពេញដោយក្តីមេត្តា ។

ឧទាហរណ៍៖ The Pursuit of Happyness